សាររបស់អគ្គនាយិកា

     យើងខ្ញុំ​មានសេចក្តីរីករាយយ៉ាងខ្លំាង ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការផ្តល់សេវាកម្មឥណទាន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព​របស់ប្រជាជន កម្ពុជាឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាបាន ប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលនឹងការចាប់ផ្តើមដំណើរការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី យើងខ្ញុំ។ ប៉ុន្តែ ទោះជាមានបញ្ហាប្រឈមជាច្រើនយ៉ាងណាក៏ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី បានចាត់វិធានការណ៍​សំខាន់ៗជាច្រើន ដើម្បីជំរុញឲ្យធុរកិច្ចរបស់ខ្លួន ដំណើការទៅមុខជានិច្ច និង ត្រៀមលក្ខណៈឲ្យបានល្អប្រសើរក្នុងការអភិវឌ្ឍខ្លួននាពេលអនាគត។

 

     បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី ទាំងអស់ ជាពិសេសបុគ្គលិកបម្រើអតិថិជនផ្ទាល់ បានប្តេជ្ញាចិត្តថានឹងបំម្រើសេវាកម្មជូនអតិថិជនស្របតាមគោលការណ៍បម្រើអតិថិជនរបស់គ្រឹះស្ថាន ដែលគ្រឹះស្ថានផ្តល់ឲ្យបុគ្គលិកនូវចំណេះ ជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផ្អែកតាមជំនាញវិជ្ជាជីវដែលបានបណ្តុះបណ្តាល យើងបម្រើអតិថិជន របស់យើងដោយយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់អតិថិជនគ្រប់ប្រភេទ ដែលបាននិងកំពុងគាំទ្រ សេវាកម្មរបស់យើងកាន់តែ ច្រើនឡើងៗ។

 

     ក្រុមប្រឹក្សាភិបាលទាំងអស់បានផ្តល់នូវបទពិសោធន៍ ចំណេះដឹងអំពីភាពជាអ្នកដឹកនាំ ដ៏មានតម្លៃ ដល់ថ្នាក់ដឹកនាំនៃគ្រឹះស្ថាន។ អ្នកតំណាងទាំងអស់នៅក្នុងក្រុមប្រឹក្សាភិបាល គឺជាអ្នកដែលបរិបូរណ៍ ដោយបទពិសោធន៍ច្បាស់លាស់លើវិស័យហិរញ្ញវត្ថុ និងធនាគារ និងការអភិវឌ្ឍនសង្គម និងបានជួយ វិភាគថ្លឹងថ្លែងលើការប្រឈម និងឱកាសនៃទីផ្សារហិរញ្ញវត្ថុ។

 

   ដើម្បីធានាឲ្យបាននូវនិរន្តរភាពយូរអង្វែង ទាំងគ្រឹះស្ថាន និងអតិថិជន ព្រមទាំងផ្អែកលើកត្តាសេដ្ឋកិច្ច និងសង្គមផងនោះ គ្រឹះស្ថានបានតាំងចិត្តយ៉ាងមុតមាំ លើការផ្តល់សេវាកម្មឥណទានជូន អតិថិជនឲ្យកាន់តែប្រសើរ និងអនុវត្តប្រកបដោយតម្លាភាព រវាងស្ថាប័ន ជាមួយបុគ្គលិក និងអតិថិជន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ការពារវិបត្តិ កំចាត់បញ្ហាឲ្យចម្រើនលូតលាស់។

 

     គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី មានរចនាសម្ព័ន្ធច្បាស់លាស់ និងគម្រូអាជីវកម្មមួយប្រកប ដោយនិរន្តរភាព ដែលផ្តល់សេវាកម្មឥណទានដល់អតិថិជនទូទៅ ទាំងនៅតំបន់ទីជនបទ និងទីប្រជុំជន ខេត្តក្រុង​​ រាជធានី។ គ្រឹះស្ថាន មានគម្រោងបង្កើនការិយាល័យប្រតិបត្តិការជាច្រើនបន្ថែមទៀត ដើម្បីឲ្យការបម្រើសេវាកម្មស្ថិតនៅកៀកជាមួយនឹងអតិថិជន ដោយបង្កភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការ ទីផ្សារ ព្រមទាំងបន្តលើកកម្ពស់កែលម្អសេវាកម្ម និងផលិតផលរបស់ខ្លួន ឲ្យបានសមស្រប និងមានអាទិភាពដូចខាងក្រោម៖

    - ពង្រីកតំបន់ប្រតិបត្តិកាបន្ថែម

    - កែសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យកាន់តែមានលក្ខណៈល្អប្រសើរ

    - ពង្រឹងលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់ថ្នាក់ដឹកនាំ

    - ពង្រឹងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ ដល់បុគ្គលិកជំនាញ និងបម្រើសេវាកម្មផ្ទាល់

    - ធ្វើវិសោធនកម្ម និងអភិវឌ្ឍផលិតផលឲ្យសមស្របតាមតម្រូវការទីផ្សារ

 

     ជំនួសមុខឲ្យគណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តក្នុងការ បំពេញការងារ និងក្រុមប្រឹក្សាភិបាលដែលបានផ្តល់នូវដំបូន្មាននិងអនុសាសន៍ល្អៗ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរបញ្ញាត្តិកម្ម ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានសហការគាំទ្រដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ​ ភីអិលស៊ី  និងជាពិសេសចំពោះអតិថិជនទាំងអស់ ដែលបានផ្តល់នូវជំនឿ ទុកចិត្ត តាមរយៈការប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថានលីដ ភីអិលស៊ី រហូតរៀងមក។

 

     គណៈគ្រប់គ្រង និងបុគ្គលិករបស់គ្រឹះស្ថានទាំងអស់ ប្តេជ្ញាចិត្តបម្រើរសេវាកម្ម និងអភិវឌ្ឍនូវផលិត ផលឲ្យកាន់តែល្អប្រសើរជូនអតិថិជន ដែលនឹងធ្វើឲ្យយើងបន្តការរីកចម្រើនជាមួយគ្នាជាលំដាប់។

 

 

 

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​ ២០១៧ 

លោកស្រី សំរិត ចេង

អគ្គនាយិកា